នៅក្នុងព្រឹត្តិការណ៍ IFA 2016 ម្សិលមិញ Acer បានធ្វើឲ្យពិភពលោកបើក ភ្នែកធំៗរួចទៅហើយ ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រ Gaming ស៊េរីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Predator X21 មានទម្ងន់ធ្ងន់ ហើយក្រាស់មែនទែន តែ Acer ក៏នៅមានពពួក Ultrabook ផ្សេងទៀត ដែលមានកម្រាស់ ស្ដើងផងដែរ ដែលស្ដើងនោះ គឺស្ដើងទាល់តែមែនទែន ធានាថាអ្នកស្រលាញ់ ផលិតផលស្ដើងៗនឹង ពេញចិត្តដូចខ្ញុំអញ្ចឹងដែរ។
កុំព្យូទ័រយួរដៃមានរាងស្ដើង នោះមានឈ្មោះហៅ ជាផ្លូវការថា Swift 7 ជាកុំព្យូទ័រពពួក Ultrabook ដំបូងគេបំផុតមាន កម្រាស់ស្ដើងត្រឹមតែ 9.98 មីលីម៉ែត្រ ប៉ុណ្ណោះ ហើយក៏ស្ដើងជាងស្មាតហ្វូន និងថេប្លេត មួយចំនួនផងដែរ ធានាថាបើអ្នក បានឃើញវានឹងភ្នែកផ្ទាល់ នឹងសរសើរវាជាក់ ជាមិនខាន។ តួខ្លួនរបស់វាត្រូវបាន ស្រោបឡើងពីលោហៈធាតុ ធ្វើឲ្យវាមាន ភាពរឹងមាំ និងមានតម្លៃដូចពពួក MacBook របស់ Apple អញ្ចឹងដែរ ដោយវាមាន ទម្ងន់ត្រឹមតែ 1.1 គីឡូក្រាមប៉ុណ្ណោះ ស្រាលទាល់ តែមែនទែន អាចឲ្យម្ចាស់របស់ វាយកតាមខ្លួន បានយ៉ាងស្រួល។ Swift 7 មានអេក្រង់ទំហំ 13.3 អ៊ីញ ជាប្រភេទ IPS Display មានសមត្ថភាព បង្ហាញរូបភាពបាន ត្រឹមកម្រិត FullHD ឬ 1080p ប៉ុណ្ណោះ មិនឈានដល់ 2K ឬ 4K នៅឡើយ តែកម្រិតប៉ុណ្ណេះ គឺល្មមណាស់ទៅហើយ ដែលវាអាចជួយ សន្សំសំចៃថ្មបាន យ៉ាងប្រសើរថែមទៀតផង គ្រាន់តែមិនច្បាស់ ដល់អេក្រង់ខ្ពស់ៗ ផ្សេងទៀតប៉ុណ្ណោះ។
Acer បានសម្រេចបំពាក់ឈីប CPU របស់ Intel ជំនាន់ទី 7 ចុងក្រោយគេ បង្អស់ឈ្មោះ Kaby Lake នៅលើកុំព្យូទ័រដ៏ ស្ដើងបំផុតរបស់ ខ្លួនមួយនេះ ជាប្រភេទ Core i5 និង Core i7 ដោយមិនទាន់បញ្ជាក់ អំពីលេខសំគាល់ នៅឡើយ គ្រាន់តែថាវានឹងមាន ល្បឿនខុសគ្នាចាប់ពី 30% ទៅ 50% ប៉ុណ្ណោះ ដោយអ្នកទិញម៉ូឌែល Core i5 នឹងទទួលបាន អង្គផ្ទុកទិន្នន័យទំហំ 256GB រីឯអ្នកទិញម៉ូឌែល មកជាមួយឈីប Core i7 នឹងទទួលបាន SSD ទំហំ 512GB មានល្បឿនលឿនសម្រាប់ បំពេញកិច្ចការឆាប់ចប់។ Swift 7 នឹងបំពាក់មក ជាមួយនឹង RAM ទំហំ 8GB ជាប្រភេទ DDR4 ដាំភ្ជាប់នឹង Motherboard រួចជាស្រេច ដែលយើងមិន អាចបន្ថែម ឬបន្ថយទំហំ RAM បាននោះទេ បើទិញហើយគឺ ត្រូវប្រើ 8GB នឹងរហូតដល់វាខូច ទៅវិញតែម្ដង។
ដោយសារតែ Swift 7 មានរាងស្ដើង ខ្លាំងបំផុតនោះ វាក៏ត្រូវបរិចាករន្ធ តំណភ្ជាប់ខ្លះផងដែរ ដោយវាមានតែរន្ធ USB ប្រភេទ C ជារន្ធ USB 3.1 ចំនួន 2, រន្ធដោតកាស 3.5 មីលីម៉ែត្រ និងចុងក្រោយ គេរន្ធសាកថ្ម ពុំមានរន្ធ USB ធម្មតា, HDMI/Mini HDMI, Display Port, Card Reader ឬរន្ធ LAN ឡើយ ហេតុនេះការប្រើប្រាស់ បើចង់ប្រើជាមួយ ឧបករណ៍ផ្សេងទៀតគឺត្រូវ ចំនាយលុយទិញ ឧបករណ៍បំបែក ឬតំណភ្ជាប់នានាផ្សេងទៀត។ លក្ខណៈពិសេស ផ្សេងទៀតគឺថា វាមានក្ដារចុច ធំងាយស្រួល វាយអក្សរនិងចុច ថែមទាំងមាន សម្លេងស្ងាត់ទៀតផង រីឯ Touch Pad គឺធំងាយស្រួល បញ្ជាដោយម្រាមដៃទាំង 10 ផ្ទាល់។ Acer ត្រៀមបញ្ចេញ Swift 7 របស់ខ្លួនលក់ នៅក្នុងទីផ្សារប្រទេស ចិននាខែកញ្ញា នេះតែម្ដង ក៏ដូចជាទីផ្សារ ប្រទេសប៉ែកអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក នៅខែតុលាខាងមុខ ជាមួយនឹងតម្លៃ ចាប់ផ្ដើមពី 999$ ឡើងទៅសម្រាប់ម៉ូឌែល Core i5 និង Core i7 ប្រហែលជាខ្ទង់ 1200$ ទៅ 1300$ និងមាន Windows 10 តម្លើងជាប់ម៉ាស៊ីន រួចជាស្រេច អាចប្រើប្រាស់ថ្ម បានដល់ទៅ 9 ម៉ោងឯណោះ។
ប្រភព៖http://cambo-report.com