ការប្រើប្រាស់អ៊ីនធឺណែតតាមផ្ទះជាទូទៅយើងប្រើប្រាស់តាមរយៈដុំ Router ដើម្បីបំបែកអ៊ីនធឺណែតទៅជា WiFi សម្រាប់ចែករំលែកប្រើប្រាស់ឲ្យបានពេញមួយផ្ទះទាំងមូល។ វាដំណើរការបានលឿនតែនៅក្នុងផ្ទះតូចល្មមប៉ុណ្ណោះ ចំនែកអ្នកនៅផ្ទះធំៗដូចជាវីឡា ឬភូមិគ្រឹះជាដើមនោះ ប្រាកដជាជួបបញ្ហាកម្លាំងសេវាមិនសូវខ្លាំង ឬចូលមិនដល់បន្ទប់នោះឡើយ នោះក៏ដោយសារតែ Router ទាំងនោះនៅមានកម្រិតនៅឡើយ ពិសេសការបាំងជញ្ជាំង និងឧបករណ៍ផ្សេងៗទៀតនៅក្នុងផ្ទះរបស់អ្នក ជាហេតុធ្វើឲ្យសេវា WiFi នៅក្នុងផ្ទះរបស់អ្នកចុះខ្សោយ មានល្បឿនយឺត ហើយប្រើមិនបានពេញផ្ទៃផ្ទះទាំងមូលថែមទៀតផង។
បញ្ហានេះនឹងត្រូវបានដោះស្រាយបានយ៉ាងជោគជ័យសម្រាប់ដើមឆ្នាំ 2017 ខាងមុខនេះជាមួយនឹងឧបករណ៍ថ្មីបង្កើតឡើងដោយ Google វាមានឈ្មោះថា Google WiFi ជាដុំ WiFi ថ្មីសម្រាប់ប្រើប្រាស់នៅតាមផ្ទះ តែយើងក៏អាចយកវាទៅប្រើប្រាស់តាមការិយាល័យធុនល្មមមួយបានផងដែរ ដោយវាបង្កើតឡើងដើម្បីដោះស្រាយរាល់បញ្ហាដូចខ្ញុំបានរៀបរាប់ខាងលើ។ លក្ខណៈពិសេសរបស់ Google WiFi នេះគឺធ្វើយ៉ាងណាផ្គត់ផ្គង់នូវសេវា WiFi ឲ្យមានល្បឿនលឿនផ្ដល់ទៅដល់ស្មាតហ្វូន, ថេប្លេត, ទូរទស្សន៍ឆ្លាត, នាឡិកាឆ្លាត, ម៉ាស៊ីនហ្គេម និងឧបករណ៍តម្រូវឲ្យប្រើប្រាស់ជាមួយ WiFi ផ្សេងៗទៀតផងដែរ ឲ្យទទួលបានល្បឿនអ៊ីនធឺណែតលឿនបំផុត តាមដែលអាចធ្វើទៅបាន អគុណទៅដល់មុខងារ Network Assistant ដែលជួយសម្រួលនូវល្បឿន WiFi បានយ៉ាងប្រសើរ ដូច្នេះរាល់ម្ចាស់របស់ Google WiFi ទាំងអស់ មិនចាំបាច់ទៅប៉ះវាបង្វិលចុះឡើងដើម្បីឲ្យល្បឿនដើរលឿនជាងមុននោះទេ បើ WiFi អ្នកភ្ជាប់ខ្លាំងហើយ ឧបករណ៍ដ៏តូចមួយនេះនឹងជួយបន្ថែមទៀតកាន់តែលឿន។
សម្រាប់ផ្ទះតូចយើងអាចប្រើប្រាស់ Google WiFi តែមួយគ្រឿងបានហើយ តែសម្រាប់ផ្ទះធំ ហើយមានជាន់លើ 2-3 ទៀតនោះ យើងអាចប្រើវា 2 ទៅ 3 ទើបល្អ ព្រោះឧបករណ៍នោះនឹងភ្ជាប់ខ្លួនវាឲ្យជាប់គ្នា ជាហេតុធ្វើឲ្យសេវា WiFi អាចទៅដល់គ្រប់ទីកន្លែងក្នុងផ្ទះរបស់អ្នក ពិសេសអ្នកនៅក្នុងបន្ទប់ជាន់ទី 1 ទី 2 ឬ ទី 3 ជាដើម ក៏នៅតែអាចទទួលបានល្បឿនដូចអ្នកកំពុងនៅជិតដុំ Router អញ្ចឹងដែរ ដែលនេះគឺជាលក្ខណៈពិសេសផ្ដល់ឡើងដោយ Google WiFi ក្នុងការផ្គត់ផ្គង់ល្បឿន WiFi ឲ្យដល់គោលដៅ។ ជាងនេះទៅទៀត Google ក៏បានបំពាក់មុខងារឆ្លាតវ័យមួយចំនួនផងដែរ សម្រាប់ឲ្យយើងធ្វើការគ្រប់គ្រង WiFi ដោយខ្លួនឯង ដូចជាមុខងារ Pause ដែលយើងអាចផ្ដាច់អ៊ីនធឺណែតមិនឲ្យដំណើរការដោយបញ្ជាតាមរយៈស្មាតហ្វូន Android និង iOS បានពីចំងាយ ល្អបំផុតសម្រាប់អ្នកមានកូនៗ ដែលពួកគាត់ជក់លេងអ៊ឺនធឺណែតពេក មិនព្រមរៀនសូត្រ ឬភ្លេចបាយភ្លេចទឹកជាដើម។ យើងក៏អាចពិនិត្យមើលដឹងថានរណា ឬមានឧបករណ៍ប៉ុន្មានកំពុងភ្ជាប់ WiFi នៅផ្ទះរបស់អ្នក ហើយល្បឿនដែលពួកគេកំពុងប្រើប្រាស់នោះលឿន ឬខ្សោយកម្រិតណាថែមទៀតផង។
ប្រភព៖
ដុំ WiFi ថ្មីរបស់ Google នេះនឹងចេញលក់ក្នុងទីផ្សារអន្តរជាតិនៅខែវិច្ឆិកា ឆ្នាំ 2016 ខាងមុខនេះឯង ជាមួយតម្លៃ 129$ សម្រាប់ឧបករណ៍មួយគ្រឿង ឬទិញ 3 គ្រឿងក្នុងតម្លៃ 299$ សម្រាប់អ្នកមានគេហដ្ឋានធំស្កឹមស្កៃ។ Google ក៏ត្រៀមដាក់លក់តាមទីផ្សារអនឡាញផងដែរដូចជា Google Store, Amazon, Bestbuy និង Walmart ជាដើម ហើយស្រុកខ្មែរយើងប្រាកដជាមានលក់តិចតួចបំផុត ហើយតម្លៃ 129$ នេះបើមកដល់ស្រុកយើងគឺមិនថោកជាង 150$ នោះទេ ដូច្នេះតើនឹងមានមនុស្សប៉ុន្មាននាក់ទិញដុំ WiFi នេះទៅប្រើប្រាស់ ខណៈពេលដែលដុំ Router មានតម្លៃធូរថ្លៃជាង 7-8 ដង?
ប្រភព៖ http://cambo-report.com